សូមក្រាបបង្គំប្រណម្យវន្ទា ឆ្ពោះព្រះភគវាពុទ្ធាបានត្រាស់ ធម្មនិយាមទំនៀមល្អល្អះ សាមសិមមុខច្បាស់ខ្ញុំសូមពណ៌នា។
១.មួយរញ្ជួយភពជាតិគ្រប់ចុងក្រោយ បារមីនាំឱ្យដឹងពេលវេលា ទ្រង់យាងកាន់ផ្ទៃស្មារតីល្អជា ដឹងខ្លួនគ្រប់គ្រាក្នុងគភ៌មាតា។
២.ពីរគឺព្រះភក្ត្រវរលក្ខណ៍ក្នុងគភ៌ ស្មឹងស្មាធិ៍ក្នុងធម៌បវរកាយា ព្រះភក្ត្របែរផ្ទុយពីខ្នងមាតា ឆ្ពោះផ្ទៃថ្លៃថ្លាមាតារំពៃ។
៣. បីឥរិយាបថនៃព្រះមាតា ពេលគ្រប់មាសាសាស្តាចាកផ្ទៃមាតាទ្រង់ឈរខុសស្រីដទៃ ប្រសូត្របុត្រថ្លៃហឫទ័យជ្រះថ្លា។
៤. បួនសួនឧទ្យានទីឋានប្រសូត្រ ក្នុងព្រៃរហូតឈើស្រូតចេញផ្កា ទេវតានិងមនុស្សថ្វាយសាធុការ ចក្រវាឡបព្វតាខ្ទរខ្ទារអ៊ូអរ។
៥.ប្រាំព្រះប្រសូត្រចុះស្រូតយាងឈាន ប្រាំពីរជំហានឆ្ពោះទិសឧត្តរ ត្រួតគ្រប់ទិសឋានក្លាហានបវរ ទើបបានបន្តបន្លឺសីហនាទ។
៦.ប្រាំមួយប្រមើលទតនិមិ្មត ទេវទូតបួនពិតចិត្តគិតលះញាតិ បុត្រកើតថ្ងៃណា ថ្ងៃនោះទ្រង់ឃ្លាត ចិត្តឥតរវាតយាត្រាសាងផ្នួស។
៧.- ប្រាំពីរធីរោផ្តាច់ប្តូរព្យាយាម ឥតមានទាក់ទាមក្នុងនាមអ្នកបួស កំណត់វេលាមិនអាចតិចហួស ប្រាំពីរថ្ងៃនោះនឹងបានត្រាស់ដឹង។
៨.ប្រាំបីមហេសីគង់សោយបាយាស ក្នុងថ្ងៃបានត្រាស់ទ្រង់ច្បាស់ទីពឹង បាយាសថាសមាសថ្វាយព្រះថ្ងៃហ្នឹង ហៅបាយត្រាស់ដឹងបានបានបុណ្យមហិមា។
៩.ប្រាំបួនជួនភ័ព្វទ្រង់ទ្រាប់ស្បូវភ្លាំង ក្លាយជាបល្ល័ង្កគង់តាំងភាវនានៅគល់ពោធិព្រឹក្សនាទិសបូព៌ា បល្ល័ង្កភគវាផុសគ្រាសាយ័ណ្ហ។
១០. ដប់គាប់ហឫទ័យអានាបាណៈ បរិកម្មប្រចក្សសតិដឹងទាន់ខ្យល់ចេញខ្យល់ចូលចិត្តមូលមិនភាន់ ដំណើរជីវ័នជាន់ឆ្លងកាមា។
១១.ដប់មួយជំនួយពីព្រះបារមី ផ្ចាញ់មារអប្រីយ៍ព្រមទាំងសេនាពុទ្ធប្បវត្តិត្រង់នេះអស្ចារ្យ បរិស័ទជ្រះថ្លាបាចផ្កាអភិសេក។
១២. ដប់ពីរមុនីអង្គទ្រង់សម្រេចញាណ ត្រៃវិជ្ជាមានទ្រង់ញាណអនេកវិសាខបុណ្ណមីកើតញាណប្លែកៗ ពោធិញ្ញាណខ្ពស់ឯកកក្រើកធរណី។
១៣. ដប់បីក្សត្រថ្លៃគង់ក្នុងមហាឋាន វិមុត្តក្សេមក្សាន្តអស់ឋាន៧ សប្តាហ៍ឋាន១លើកស្ទួយស្ថានទី ចេតិយព្រះមុនី៧កន្លែង។
១៤. ដប់បួនជួនព្រហ្មជុំអារាធនា សូមព្រះភគវាយាងត្រាស់សម្តែង ព្រះធម៌ប្រពៃវិស័យសូរ្យសែង ទ្រង់ព្រមសម្តែងដោយព្រហ្មវិហារ។
១៥. ដប់ប្រាំចាំច្បាស់ទ្រង់ត្រាស់ធម្មចក្ក ឥសិបតនៈព្រៃមិគទាយា ឋានត្រៃរតនៈអាឡ្ហបូជា ថ្ងៃព្រះភគវាទ្រង់ស្ថាបនាព្រះសង្ឃ។
១៦. ដប់ប្រាំមួយទ្រង់ត្រាស់ឱវាទ បាតិមោក្ខស្អាងស្អាតឱវាទផូរផង់ បេះដូងព្រះធម៌ពន្លឺចតុរង្គ ថ្ងៃនោះត្រូវត្រង់មាឃបុណ្ណមី។
១៧. ដប់ប្រាំពីរទ្រង់គង់វត្តជេតពន ប្រោសដល់មហាជននិរន្តរ៍ប្រក្រតី ទ្រង់យកអរុណជេតពនសួស្តី ជេតពនជិនស្រីអាស្រ័យជានិច្ច។
១៨. ដប់ប្រាំបីទ្រង់សម្តែងបាដិហារ្យ យមកៈអស្ចារ្យនិគ្រន្ថរត់គេច នៅក្រុងសាវត្ថីប្រុសស្រីមិនតិច នេះគឺពុទ្ធកិច្ចសង្គ្រោះលោកា។
១៩. ដប់ប្រាំបួនទ្រង់គង់ឋានត្រៃត្រឹង្ស ត្រិះរិះរំពឹងថ្លឹងគុណមាតា សម្តែងអភិធម្មស័ក្តិសមអស្ចារ្យ ថ្វាយព្រះមាតាសុខាអមតៈ។
២០. ម្ភៃគឺព្រះអង្គទ្រង់ចាកទេវលោក ស្តេចយាងចុះមកដែនសង្កស្សៈ មហាជនច្រើនពិតយកចិត្តទុកដាក់ បូជាគារវៈអចលចេតិយ។
២១. ម្ភៃមួយគឺទ្រង់គង់ក្នុងសមាបត្តិ ព្រះញាណស្ងប់ស្ងាត់លះកាត់លោកីយ៍ អរហត្តផលតម្កល់ប្រក្រតី ឆាប់ក្តីយូរក្តីវិស័យពុទ្ធញាណ។
២២. ម្ភៃពីរប្រមើលមើលគ្រប់វេនយ្យ ឧបនិស្ស័យសព្វសត្វដែលមាន ដោយព្រះករុណាសមាបត្តិញ្ញាណ ត្រួតសត្វកោដិលានមានពីរវារៈ។
២៣.ម្ភៃបីទ្រង់លៃវិន័យអាជ្ញា បញ្ញតសិក្ខាតាមការជ្រាបជាក់ មានរឿងកើតមុនខូតគុណសាវ័ក មានហេតុជាក់លាក់ទើបដាក់វិន័យ។
២៤. ម្ភៃបួនអង្រួនហឫទ័យករុណា ជាតកទេសនាសាស្តាកលៃ ដើមរឿងជាហេតុបង្កើតអត្ថន័យ ជាតកប្រពៃលៃតាមហេតុការណ៍។
២៥. ម្ភៃប្រាំទ្រង់ប្រោសដល់ពួកព្រះញាតិ អង្គព្រះលោកនាថសម្តែងបាដិហារ្យ កម្ចាត់មានះព្រះញាតិវង្សា ទើបត្រាស់ទេសនាគម្ពីរពុទ្ធពង្ស។
២៦. ម្ភៃប្រាំមួយទ្រង់គង់ធ្ងន់ក្នុងធម៌ បរិស័ទណាល្អមានធម៌ទ្រទ្រង់ ស្តេចយាងទទួលស្រុះស្រួលដោយអង្គ គារវៈផូរផង់ឆ្ពោះត្រង់ព្រះធម៌ ។
២៧. ម្ភៃប្រាំពីរទ្រង់គង់ចាំវស្សា បើមាននរណានិមន្តដោយល្អ ពេលចេញវស្សាមុនយាងចេញចរ ទ្រង់ចម្រើនពរត្រាស់លាអ្នកនោះ ។
២៨. ម្ភៃប្រាំបីទ្រង់គង់យ៉ាងហ្មត់ចត់ មុនភត្តក្រោយភត្តគ្មានភ្លាត់ភ្លេចសោះ បំពេញពុទ្ធកិច្ចគ្រប់យាមទាំងអស់ ពុទ្ធកិច្ចសង្គ្រោះមនុស្សនិងទេវតា។
២៩. ម្ភៃប្រាំបួនទ្រង់គង់សោយមំស: ក្នុងថ្ងៃទ្រង់ដាក់អនុដ្ឋានកាយា បិណ្ឌបាតចុងក្រោយជាទានថ្ងៃថ្លា សោយរសមំសាហឬទ័យបរិសុទ្ធ។
៣០. សាមសិបអវសានទ្រង់បានចូលឈាន មុននឹងនិព្វានឈានច្រើនបំផុត ម្ភៃបួនសែនកោដិសមាបត្តិបរិសុទ្ធ រួចហើយទ្រង់ផុតរលត់សង្ខារ។
– អហំ រីខ្ញុំបង្គំវន្ទា ឆ្ពោះព្រះភគវាព្រះធម៌ថ្លៃថ្លា ព្រមទាំងព្រះសង្ឃផូរផង់សីលា ចិន្ដាលំអុតព្រះពុទ្ធនិយាម។
– សូមឱ្យសព្វសត្វបដិបត្តិតាមធម៌ សាសនាបវរល្អដូចព្រះនាម អរហំសម្មាគ្មានការទាក់ទាម កិលេសរវាមរវាតសូន្យបង់។
– សូមឱ្យសាសនាសម្មាសម្ពុទ្ធ បរិស័ទមោះមុតរួមចិត្តទ្រទ្រង់ ឋិតថេរចិរកាលអភិបាលដោយសង្ឃ ព្រមព្រៀងស្មោះត្រង់ផ្ចិតផ្ចង់សិក្ខា។
– សូមមនុស្សទេវតាមានការគោរព ទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនា សូមបានសម្រេចដូចក្ដីប្រាថ្នា អស់នូវតណ្ហាទុក្ខាចប់ហោង។
ដោយ៖ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្